១. តើអ្នកចង់ខ្ចីប្រាក់ ដើម្បីអ្វី? ខ្ចី ដើម្បីបង្កើនចំណូល ឬ បង្កើតបំណុល?
មុននឹងអ្នកសម្រេចចិត្តស្នើសុំកម្ចី សូមសួរទៅកាន់ខ្លួនអ្នកថា តើអ្នកខ្ចីប្រាក់ ដើម្បីអ្វី? ខ្ចី ដើម្បីបង្កើនចំណូល ឬ បង្កើតបំណុល?
អ្នកអាចឆ្ងល់ថា ខ្ចីយ៉ាងម៉េចទៅជាការបង្កើនចំណូល? ហើយ ការខ្ចីដែលជាការបង្កើតបំណុល វាយ៉ាងម៉េចវិញ? មិនមែនការខ្ចីទាំងអស់សុទ្ធតែជាការការបង្កើតបំណុលទេឬ?
មុនឆ្លើយតបទៅនឹងសំនួរខាងលើ ស្ពានចង់ប្រាប់ទៅកាន់អ្នករាល់គ្នាថា មិនមែនការខ្ចីទាំងអស់ សុទ្ធតែជាការបង្កើតបំណុលនោះទេ។ កម្ចីអាចផ្ដល់ផលល្អ ឬអាក្រក់ អាស្រ័យទៅលើការប្រើប្រាស់របស់អ្នក។
ប្រសិនណាបើ អ្នកប្រើវាត្រូវទៅតាមគោលបំណង នោះវានឹងជួយអ្នកក្នុងការរកចំនូលបន្ថែម ផ្ទុយទៅវិញ ប្រសិនបើអ្នកចេះតែខ្ចីតាមចំណង់ដោយមិនបានគិតអោយបានច្បាស់លាស់ វានឹងធ្វើអោយអ្នកជំពាក់បំណុលគេលើសដើម។ កម្ចីដែលនឹង បង្កើតបំណុលដល់អ្នកគឺជា ការខ្ចី ដែលអ្នកខ្ចីមិនមានគោលបំណងនៃការប្រើប្រាស់ច្បាស់លាស់។ វាកើតឡើងនៅពេល ដែលអ្នក ខ្ចីប្រាក់គេយកទៅទិញ របស់ដែលមិនចាំបាច់ ឬយកទៅចំណាយលើអ្វីមួយដែលមិនផ្ដល់ចំនួលត្រលប់មកកាន់អ្នកវិញ។
ឧទារហ៍ដូចជា កាលពីពេលជិតបុណ្យអ៊ុំទូកដែលទើបនឹងកន្លងផុតថ្មីៗនេះ ស្ពានបានទទួលការទាក់ទងជាច្រើន ដែលទាក់ទងមកខ្ចីប្រាក់ ទុកសម្រាប់យកទៅដើរលេងក្នុងអំឡុងពេលរៀបចំពិធី។ ការខ្ចីបែបនេះហើយ ជា ការខ្ចីដែលបង្កើតបំណុល ព្រោះថាអ្នកខ្ចី នឹងមិនបានទទួលផលចំនេញអ្វីមកដល់ខ្លួនវិញនោះទេ។
ខុសពីការខ្ចីដែលបង្កើតបំណុល ការខ្ចីដែលបង្កើនចំណូលគឺជា ការខ្ចីប្រាក់ដែលអ្នក ខ្ចីសម្រាប់យកទៅប្រើប្រាស់ក្នុងគោលបំណងមួយច្បាស់លាស់ ហើយអ្នកអាចរំពឹងថានឹងបានទទួលចំណូលត្រលប់មកវិញពីការខ្ចីនេះ។ ឧទាហណ៏ដូចជា កម្ចីសម្រាប់ពង្រីកអាជីវកម្មជាដើម។ ការខ្ចីលុយសម្រាប់ពង្រីកអាជីវកម្ម ជាការខ្ចីដែលនឹងជូយអ្នក ក្នុងការបង្កើនចំណូល ព្រោះថា វាជួយអ្នក ក្នុងការបន្ថែមដើមទុនលើអាជីវកម្មរបស់អ្នក ដើម្បីឆ្លើយតបទៅកាន់តម្រូវការទីផ្សារ។
ដូច្នេះហើយ មុននឹងអ្នកសម្រេចចិត្តធ្វើការខ្ចីលុយ សូមពិចារណាអោយបានច្បាស់លាស់ពីគោលបំនង និង អត្ថប្រយោជន៍ដែលអ្នកអាចនឹងទទួលបានពីកម្ចីនោះ។ ប្រសិនបើអ្នកត្រូវការខ្ចីលុយ ដើម្បីយកទៅចាយ ហើយការចាយនោះ មិនអាចផ្ដល់ចំនូលត្រលប់មកអ្នកវិញទេនោះ អ្នកគួរពិចារណាឡើងវិញថា អ្នកគួរ ឬមិនគួរខ្ចី ព្រោះថាវាអាចនឹងផ្ដល់នូវគុណវិបត្តមកអ្នកវិញនៅពេលក្រោយ។