ហេតុផលជំរុញឱ្យមនុស្សជាច្រើនធ្វើខ្លួនហ៊ឺហាដូចអ្នកមាន 

អ្នកណាមិនចង់ហ៊ឺហា ពេញនិយម ទាន់សម័យ? តែជាក់ស្ដែង ជីវភាពមិនអំណោយផលសោះ សម្រាប់ជីវិតហាយសូ។ អ្នកខ្លះសុខចិត្តជំពាក់គេជុំទិស ដើម្បីមានឡានទំនើបជិះ ទូរស័ព្ទដៃទាន់ស៊េរី សំលៀកបំពាក់ ស្បែកជើងថ្លៃៗ។ តើហេតុផលអ្វីខ្លះ ជំរុញឱ្យពួកគេធ្វើខ្លួនដូចអ្នកមាន ដែលផ្ទុយនឹងជីវភាពជាក់ស្ដែងរបស់ខ្លួន?   
១. ឥទ្ធិពលនៃវប្បធម៌ប្រជាប្រិយ 
អ្វីជាវប្បធម៌ប្រជាប្រិយ? វាជាវប្បធម៌បែបទាន់សម័យ ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈបណ្ដាញផ្សព្វផ្សាយធំៗ ដូចជាទូរទស្សន៍ អ៊ីនធឺណេត បណ្ដាញសង្គម … និងសំដៅដល់មនុស្សវ័យក្មេងភាគច្រើន។ វប្បធម៌ប្រជាប្រិយមានឥទ្ធិពល ជាឧទាហរណ៍ នៅពេលកុនឬកម្មវិធីទូរទស្សន៍កំពុងចាក់ផ្សាយ អ្នកទស្សនាមើលឃើញវិមានស្កឹមស្កៃ ឡានទំនើបៗ និងជីវិតដ៏ស៊ីវីល័យរបស់តួអង្គ ជាហេតុជំរុញឱ្យពួកគេចង់ធ្វើតាមដែរ។ 
២. អ្នកជិតខាងឬមិត្តភក្ដិមានអ្វីល្អជាងខ្លួន 
យើងគួរបែងចែកឱ្យដាច់រវាង របស់របរដែលយើងត្រូវការ និងរបស់របរដែលយើងចង់បាន។ ជួនកាល មិត្តភក្ដិឬអ្នកជិតខាងមានរបស់ល្អជាងយើង ដូចជា ផ្ទះធំជាង ឡានម៉ូតូទំនើបជាង -ល- តែយើងមិនគួរហក់លោតតាមពួកគេឡើយ។ យើងគួរសួរខ្លួនឯងថា តើជារឿងចាំបាច់ទេ ដែលយើងត្រូវប្រណាំងប្រជែងរឿងទ្រព្យរបស់នេះ? អ្នកនឹងមិនសប្បាយចិត្តឡើយ បើអ្នកគិតតែពីការចង់ឱ្យមានលើសគេនោះ។ 
៣. ចង់បានចំណាប់អារម្មណ៍ 
អ្នកធ្វើខ្លួនដូចអ្នកមានភាគច្រើនចង់បានចំណាប់អារម្មណ៍ពីគេឯង ចង់ឱ្យគេសរសើរ ឬមើលមកថាខ្លួនឡូយឆាយ។ ចំណុចនេះអាចជារឿងគ្រោះថ្នាក់ ព្រោះចុងក្រោយ ពួកគេមិនចំណេញអ្វីនោះទេ បានត្រឹមតែខ្វះខាតលុយមុខក្រោយ ហើយអាចមានមនុស្សផ្សេងទៀតសើចចំអក ដែលជារឿងមួយគួរឱ្យអាម៉ាស់។ 
៤. ជាមនុស្សដែលមិនចេះសម្លឹងវែងឆ្ងាយ 
ពួកគេមិនគិតគូរដល់អនាគតរបស់ពួកគេឡើយ។ អ្វីដែលសំខាន់គឺបច្ចុប្បន្ន ពួកគេឡូយឆាយ មានរបស់ទំនើបប្រើ។ ជាជាងខិតខំធ្វើការរកស៊ី រកលុយចាយវាយដោយខ្លួនឯង ពួកគេច្រើនខ្វល់និងតាមដានអ្វីដែលកំពុងពេញនិយម ដើម្បីធ្វើខ្លួនឱ្យទាន់សម័យនឹងគេ។ 
ការរកលុយមិនមែនជារឿងងាយស្រួលទេ។ យើងមិនគួរចង់សប្បាយភ្លើតភ្លើនមួយពេល ដើម្បីផ្គាប់ចិត្តបរិស្ថានជុំវិញខ្លួនយើងនោះទេ។ យើងគួរងាកមកធ្វើអ្វីដែលមានប្រយោជន៍ សម្រាប់ខ្លួនយើងនិងសង្គមរបស់យើង។ នោះទើបជាអ្វីដែលមានតម្លៃ។ 
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742