ធ្វើយ៉ាងម៉េចគ្រប់លុយការប្រពន្ធ?

ប្លែកពីប្រទេសដទៃ សម្រាប់មង្គលការនៅកម្ពុជាគឺពិតជាត្រូវចំណាយធនធានច្រើន ពោលគឺធ្វើឲ្យគគ្រឹកគគ្រេងនិងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។ អាស្រយ័ហេតុនេះហើយថ្លៃបណ្ដារការឬថ្លៃទឹកដោះភាគច្រើនគឺជាបន្ទុករបស់មនុស្សប្រុស។ យ៉ាងណាមិញអត្ថបទនេះមិនមែនសម្រាប់តែបុរសៗនោះទេ ប៉ុន្ដែក៏សម្រាប់នារីៗ ឬគូរស្នេហ៍ណាដែលមានបំណងចង់ជួយចែករំលែកគ្នាក្នុងការរៀបចំមង្គលការផងដែរ។ ខាងក្រោមជាអ្វីដែលអ្នកគួរដឹង៖

១ សន្សំសម្រាប់ថ្លៃបណ្ដារការ

ចៀសមិនផុតនោះទេ ដល់វយ័គង់តែដល់គូរ អាស្រយ័ហេតុនេះហើយនៅពេលចេញធ្វើការអ្នកត្រូវចេះទុកដាក់លុយសន្សំទុកសម្រាប់ចូលដណ្ដឹងកូនស្រីគេ។ អ្នកត្រូវចេះគុណគូរពីហាងឆេងថ្លៃទឹកដោះ ពីព្រោះបច្ចុប្បន្ននេះមានការឡើងថ្លៃ ដូចនេះអ្នកត្រូវមានគំនិតចេះបែងចែកប្រាក់ខ្លះដើម្បីសន្សំឬយកទៅរកស៊ីដើម្បីបង្កើតលុយ។

២ ចំណាយសម្រាប់មង្គលការ 

ត្រង់ចំណុចនេះ បើដៃគូអ្នកមានគំនិតចង់ជួយចែករំលែក នោះអ្នកទាំងពីរត្រូវសិក្សាស្វែងយល់ពីការចំណាយសម្រាប់ពិធីមង្គលការមួយជាមុនសិន និងធ្វើគម្រោងថវិការឲ្យបានត្រឹមត្រូវដើម្បីកំណត់គោលដៅក្នុងការសន្សំ។ គិតឲ្យអស់តាំងពីថ្លៃរោង ថ្លៃសម្អាងការ ថ្លៃម្ហូបអាហារ សម្លៀកបំពាក់ ថតរូបជាដើម។ ជាការល្អ គូស្នេហ៍អាចពិភាក្សាបើកគណនីសន្សំមួយរួមគ្នាដើម្បីមង្គលការរបស់ពួកគេ។

៣ គិតពីចំនួនដែលត្រូវសន្សំ

បើសិនជាអ្នកច្បាស់លាស់ក្នុងការសម្រេចចិត្តហើយ នោះអ្នកត្រូវកំណត់គោលដៅនិងរយៈពេលសន្សំ ឧទាហរណ៍៖ ២ ទៅ ៣ឆ្នាំ។ កំឡុងពេលនេះដែរអ្នកគួរសម្រេចអំពីចំនួនប្រាក់ដែលគួរដាក់បញ្ចូលក្នុងគណនីប្រចាំខែផងដែរ ដើម្បីឲ្យសមស្របតាមគម្រោង។