១. កំណត់គោលបំនងនៃការទិញផ្ទះ
នៅក្នុងប្រទេសកម្ពុជា មានសំណង់អចលនទ្រព្យផ្សេងៗគ្នាជាច្រើន។ ប្រភេទផ្ទះនីមួយៗមានលក្ខណៈខុសៗគ្នា ដូចនេះហើយ គុណសម្បតិ្ត និងគុណវិបត្តិដែលវាផ្ដល់អោយអ្នកក៏មានលក្ខណៈខុសៗគ្នាផងដែរ។
ចឹងតើអ្នកគួរជ្រើសរើសយកផ្ទះមួយណាទៅ បើវាមានច្រើនប្រភេទម្លឹងៗ?
អ្នកគួរស្វែងរកមើលផ្ទះណា ដែលសមស្របនឹងស្ថានភាពរបស់អ្នកបំផុត មានន័យថា អ្នកគួរជ្រើសរើសទិញផ្ទះ ដោយផ្អែកទៅលើគោលបំណងនៃការទិញផ្ទះនោះថា អ្នកទិញវាសម្រាប់យកមកធ្វើអ្វី? ទិញទុករស់នៅជាមូយគ្រួសារ ឬទិញសម្រាប់យកធ្វើជាកន្លែងធ្វើអាជីវកម្ម ឬយ៉ាងណាវិញ?
ប្រសិនបើអ្នកមានបំណងទិញផ្ទះដែលអ្នកអាចរកប្រាក់ចំណូលបានតាមរយៈការបើកហាងទំនិញឬ អ្នកនឹងធ្វើអាជីវកម្មនៅក្នុងផ្ទះនោះ អ្នកគួរគិតគូរទិញផ្ទះដែលអាចធ្វើអាជីវកម្មបានដូចជា ផ្ទះដែលនៅក្នុងទីតាំងដែលអ្នកអាចទទួលបានអតិថិជនច្រើន នៅក្នុងទីប្រជុំជន នៅតាមផ្លូវធំ ដែលអាចមានអ្នកចេញចូលច្រើនជាដើម។អចលនទ្រព្យទាំងនេះ អាចឱ្យអ្នកធ្វើជាកន្លែងសម្រាប់រស់នៅផង និងធ្វើពាណិជ្ជកម្មផងដែរ។
ប៉ុន្តែ ប្រសិនបើអ្នកចង់បានផ្ទះមួយ ដើម្បីរស់នៅជាមួយគ្រួសាររបស់អ្នក អ្នកអាចពិចារណាទិញផ្ទះនៅតាមបុរី ព្រោះផ្ទះនៅក្នុងបុរី នឹងផ្តល់អោយអ្នក និងគ្រួសារអ្នកនូវកន្លែងសម្រាកដែលងាយស្រួលនិងមានភាពឯកជន។