៣. បន្ថយទំហំប្រាក់កម្ចី
សម្រាប់ធនាគារ ទំហំកម្ចីដែលអ្នកស្នើកាន់តែតូច កម្រិតហានិភ័យដែលគេនឹងបាត់បង់ប្រាក់ក៏កាន់តែតូចតាមនោះដែរ។ ដូចនេះ ប្រសិនបើអាច អ្នកគួរធ្វើការស្នើសុំតែចំនួនទឹកប្រាក់ដែលអ្នកពិតជាត្រូវការប៉ុណ្ណោះ។ សូមព្យាយាមពិនិត្យឡើងវិញនូវតំរូវការហិរញ្ញវត្ថុរបស់អ្នក ហើយរកវិធីយ៉ាងណាកាត់បន្ថយទំហំប្រាក់កម្ចីរបស់អ្នក ឱ្យបានទាបបំផុតតាមដែលអាចធ្វើទៅបាន។
៤. ដាក់ពាក្យស្នើសុំកម្ចី ជាមួយធនាគារដែលធ្លាប់បានទាក់ទងជាមួយ
វាងាយនឹងបានការអនុម័តជាង ប្រសិនបើអ្នកដាក់ពាក្យស្នើសុំ ជាមួយធនាគារដែលធ្លាប់បានទាក់ទងជាមួយពីមុន។
ហេតុអ្វីទៅ?
មូលហេតុរបស់វា គឺទាក់ទងនឹងកម្រិតនៃការជឿទុកចិត្ត
ស្រមៃថា មានមិត្តរបស់អ្នកពីរនាក់ចង់ខ្ចីលុយពីអ្នក ម្នាក់ជាមិត្ដចាស់ដែលអ្នកធ្លាប់ស្គាល់រាប់ឆ្នាំមកហើយ ឯអ្នកផ្សេងទៀត ជាមនុស្សដែលអ្នកទើបតែបានជួបគ្នាពីរបីដងប៉ុណ្ណោះ។
តើអ្នកនឹងឱ្យម្នាក់ណាខ្ចីលុយរបស់អ្នកដែរ?
អ្នកប្រាកដជាជ្រើសរើសឱ្យមិត្តចាស់របស់អ្នកខ្ចីមែនទេ?
ចំពោះធនាគារវិញក៏ដូចគ្នាអ៊ីចឹងដែរ ជាទូទៅនៅពេលផ្តល់ប្រាក់កម្ចីដល់នរណាម្នាក់ ធនាគារតែងតែចង់ដឹងថា តើគេមានលទ្ធភាពអាចសងប្រាក់វិញឬអត់។ ដូច្នេះហើយ ប្រសិនបើអ្នកបានធ្វើការជាមួយធនាគារនោះពីមុនមក គេនឹងមានការយល់ដឹងច្បាស់អំពីប្រវត្តិហិរញ្ញវត្ថុរបស់អ្នក ហើយទំនងជាអាចផ្តល់ប្រាក់កម្ចីដល់អ្នកជាងធនាគារផ្សេងទៀត។