តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
ប្រាក់រៀល គឺជារូបិយប័ណ្ណតំណាងប្រទេសកម្ពុជា។វាជាតម្លៃមួយដែលបង្ហាញពីអត្តសញ្ញាណជាតិរបស់ខ្មែរយើង ហើយយើងជាជនខ្មែរគឺមានមោទនៈភាពណាស់ដែលប្រទេសយើងមានរូបិយប័ណ្ណតំណាងជាតិខ្លួន។ ដោយសារតែវាមានតម្លៃសម្រាប់ជាតិសាសន៍យើង ក៏ដូចជាជានជាតិយើង យុវជនគ្រប់រូបគួរតែដឹងពីប្រវត្តិប្រាក់រៀលរបស់យើង។តែទោះជាយ៉ាងនេះក្ដី ក៏ប្រជាជនខ្មែរមួយចំនួននៅមិនទាន់បានដឹងច្បាស់ពីការកកើតនៃក្រដាសប្រាក់រៀលខ្មែរ និងប្រវត្តិនៃការចាប់ផ្តើមដាក់ឱ្យចរាចរនៅលើទីផ្សារតាំងពីពេលណាមកឡើយ។ តើប្រាក់រៀលមានប្រវត្តិយ៉ាងណា ហើយចាប់ផ្តើមចរាចរពីពេលណាដែរ?
ផ្អែកលើការសិក្សាស្រាវជ្រាវទាក់ទងនឹងប្រវត្តិនៃការកកើតប្រាក់រៀលនេះលោកបណ្ឌិត ឃូ វុឍ្ឍី អគ្គនាយករងបច្ចេកទេស និងជាប្រធាននាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិនៃធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា “នៅឆ្នាំ1863 បារាំងបានចូលមកធ្វើអាណានិគមលើប្រទេសកម្ពុជា ហើយនៅឆ្នាំ1875 បារាំងបានផ្តល់សិទ្ធិពិសេសទៅឱ្យធនាគារឥណ្ឌូចិន ដែលជាធនាគារពាណិជ្ជមួយរបស់បារាំងដើម្បីបោះពុម្ពលុយឱ្យប្រទេសក្នុងតំបន់ឥណ្ឌូចិនទាំងមូលប្រើប្រាស់រួមគ្នា ដែលការចាប់ផ្តើមបោះពុម្ពលើកដំបូងឡើយ គឺបោះជាកាក់ (កាក់ដែលមានប្រហោងបួនជ្រុងនៅចំកណ្ដាល)ដែលមានឈ្មោះថា ព្យ៉ាស់(Piastre) ហើយចាប់ពីឆ្នាំ1891ធនាគារឥណ្ឌូចិនបានបោះផ្សាយជាក្រដាសប្រាក់ដោយដាក់ឱ្យប្រើប្រាស់រូបិយវត្ថុរួមគ្នា 3ប្រទេសគឺ កម្ពុជា វៀតណាម និងឡាវ ដែលស្ថិតនៅក្រោមអាណានិគមរបស់បារាំងដូចគ្នា។”
នៅកំឡុងពេលនោះ ប្រទេសទាំងបីដែលប្រើរូបិយវត្ថុរួមគ្នានាពេលនោះឈ្មោះក្រដាសប្រាក់ប្រើរួមគ្នានោះគឺ ព្យ៉ាស់(Piastre) គឺមានប្រទេសកម្ពុជា វៀតណាម និងឡាវ។ ដោយផ្អែកតាមឯកតាលុយទៅតាមប្រទេសនីមួយៗដូចជារៀល (កម្ពុជា)ដុង(វៀតណាម) គីប(ឡាវ)ផងដែរ ដូច្នេះឈ្មោះលុយរៀលនេះ គឺត្រូវបានដាក់ឲ្យប្រើប្រាស់មុនពេលចាប់ផ្តើមការបង្កើតធនាគារជាតិនៃកម្ពុជាទៅទៀត។ នៅឆ្នាំ1948 បារាំងបានដកសិទ្ធិពីធនាគារឥណ្ឌូចិនឈប់ឱ្យបោះពុម្ពក្រដាសប្រាក់ទៀតហើយ។ នៅឆ្នាំ1952 បារាំងបានបង្កើតវិទ្យាស្ថានបោះផ្សាយនៃរដ្ឋកម្ពុជា-វៀតណាម-ឡាវដែលមានស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ (ជិតស្ពាននាគក្បែររមណីយដ្ឋានវត្តភ្នំ)ដើម្បីបោះផ្សាយរូបិយវត្ថុសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសទាំងបី។
ក្រោយពេលដែលអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្ដម សីហនុ ធ្វើការទាមទារឯករាជ្យនៅថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ1953 រួចមក នៅឆ្នាំ1954 ប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង ហើយចាប់ផ្តើមបង្កើតធនាគារកណ្តាលជារបស់ខ្លួនឯងលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅថ្ងៃទី23 ខែធ្នូ ឆ្នាំ1954 និងបានធ្វើការបោះពុម្ពប្រាក់រៀលដោយចាប់ផ្ដើមដាក់ឱ្យធ្វើចរាចរណ៍ឡើងវិញសាជាថ្មីនៅខែកញ្ញា ឆ្នាំ1955។
ចាប់ពីពេលនោះមកកម្ពុជាអាចកំណត់ដោយខ្លួនឯងនូវតម្លៃរូបិយវត្ថុជាតិ និងបរិមាណរូបិយវត្ថុដែលត្រូវបោះផ្សាយ ព្រមទាំងគោលនយោបាយពាណិជ្ជកម្មជាតិជាដើម។ ប៉ុន្តែក្រោយមកការធ្វើចរាចរណ៍ក្រដាសប្រាក់ត្រូវបានអាក់ខានក្នុងការប្រើប្រាស់ នៅពេលដែលប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងរបបខ្មែរក្រហមប៉ុលពត(ក្នុងឆ្នាំ1975) ដែលបានលុបបំបាត់ការប្រើប្រាស់ប្រាក់រៀលទាំងស្រុង។
តែជាក់ស្តែង ក្នុងសម័យប៉ុលពតក៏មានការបោះពុម្ពក្រដាសប្រាក់ផងដែរ តែដោយការពិភាក្សាគ្នា និងការឯកភាពដែលមានទស្សនៈថា “លុយគឺជាប្រភពនៃការកេងប្រវ័ញ្ច និងជិះជាន់” ទើបនៅក្នុងសម័យប៉ុលពត ក្រដាសប្រាក់មិនត្រូវបានដាក់ឱ្យប្រើប្រាស់នោះឡើយ ក្រោមហេតុផលលុបបំបាត់វណ្ណៈអ្នកមាន និងអ្នកក្រ ទើបធ្វើឱ្យការប្រើប្រាស់រូបិយវត្ថុប្រាក់រៀលត្រូវបានអវត្តមានជាបណ្ដោះអាសន្នដោយបរិយាយ។
ក្រោយពីរបបប៉ុល ពតត្រូវបានផ្ដួលរំលំនៅឆ្នាំ1979 ប្រាក់រៀលត្រូវបានដាក់ឱ្យចរាចរឡើងវិញនៅថ្ងៃទី20 ខែមីនា ឆ្នាំ1980មកទល់បច្ចុប្បន្ន ហើយត្រូវបានធ្វើឱ្យល្អប្រសើរឡើងវិញជាលំដាប់ ដោយមានរូបភាពវីរបុរសខ្មែរ និងប្រជាជន និងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីជំរុញសាមគ្គីភាពជាតិ។
លោកឃូ វុឍ្ឍី បញ្ជាក់ថា ប្រាក់រៀលមានសារៈសំខាន់ណាស់ សម្រាប់បង្ហាញពីអធិបតេយ្យភាពរូបិយវត្ថុ ហើយរូបិយវត្ថុក៏ពាំនាំនូវសារនានាទៅដល់ប្រជាពលរដ្ឋ ដូចជាបង្ហាញពីស្នាដៃថ្នាក់ដឹកនាំ សក្តានុពលពាណិជ្ជកម្ម និងភាពរីកចម្រើនសេដ្ឋកិច្ច និងវប្បធម៌ជាតិជាដើម ជាក់ស្ដែងរូបភាពនៃស្នាមញញឹមរបស់នារីកសិករដែលកំពុងច្រូតស្រូវ រំលេចនៅលើផ្នែកខាងក្រោយនៃក្រដាសប្រាក់ 2,000រៀល គឺជាការឆ្លុះបញ្ចាំងពីសារៈសំខាន់នៃវិស័យកសិកម្មរបស់កម្ពុជានាគ្រប់សម័យកាល។ នៅផ្ទៃខាងមុខមានរូបប្រាសាទព្រះវិហារដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ2008 ដែលបង្ហាញពីប្រវត្តិសាស្ត្រដ៏រុងរឿង និងវប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា។ ប៉ុន្តែរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ធនាគារជាតិបានធ្វើបច្ចុប្បន្នភាព ឬទំនើបកម្មក្រដាសប្រាក់រៀលគ្រប់ប្រភេទជាថ្មី ដោយក្រដាសប្រាក់រៀលថ្មីទាំងឡាយសុទ្ធតែមានបង្កប់លក្ខណៈពិសេសដូចជា បច្ចេកវិទ្យា Holograms រូបផុស ខ្សែបង្កប់សុវត្ថិភាពអក្សរពុម្ពតូចៗ និងសរសៃអំបោះឆ្មារនៅលើក្រដាសប្រាក់រៀលចាប់ពី 10,000រៀលឡើងទៅ។
នៅលើក្រដាសប្រាក់ 100,000 (មួយសែន) រៀល មានបង្កប់លក្ខណៈពិសេស 37មុខ និងនៅលើក្រដាស 10,000រៀល 20,000រៀល និង 50,000រៀលមានលក្ខណៈពិសេសបង្កប់ជាង 30មុខ។ ក្រដាសប្រាក់ថ្មីទាំងនេះ ក៏មានលក្ខណៈពិសេសដែលជួយដល់អ្នកពិការភ្នែកឱ្យបានដឹងផងដែរ។ ក្រដាសប្រាក់ 5,000រៀល 10,000រៀល 20,000រៀល និង 100,000រៀលសុទ្ធតែមានតួអក្សរប្រៃល៍ (Braille) សម្រាប់អ្នកពិការភ្នែកស្ទាប ចំណែកក្រដាសប្រាក់ដែលមានតម្លៃទាបជាងនេះ គឺបានបោះពុម្ពក្នុងទំហំខុសៗគ្នាដើម្បីជួយឱ្យជនពិការភ្នែកស្រួលចំណាំផងដែរ៕
ប្រភព:តើប្រាក់រៀលខ្មែរចាប់ផ្តើមចរាចរលើទីផ្សារតាំងពីពេលណាមក? (n.d.). Retrieved May 16, 2019, from www cz-lekarna.com.lareine.com.kh: http://www.lareine.com.kh/news/eco-bussiness/20526/