ចំនុចគួរពិចារណាមុននឹងសម្រេចចិត្តផ្លាស់ប្តូរកន្លែងធ្វើការរបស់អ្នក

បរិយាកាសនៅកន្លែងធ្វើការ៖ បរិយាកាសការងារមានដូចជា ម៉ោងធ្វើការ ភារកិច្ចនិងទំនួលខុសត្រូវ បុគ្គលិកលក្ខណៈអ្នកគ្រប់គ្រង មិត្តរួមការងារ កម្រិតនៃការប្រកួតប្រជែង រង្វាន់លើកទឹកចិត្តជាដើម។ អ្នកអាចបែងចែក ការគិតរបស់អ្នក ជាពីររបៀបគឺ៖ អារម្មណ៏អវិជ្ជមានដែលមាននៅកន្លែងការងារចាស់ ដូចជា ម៉ោងការងារច្រើនតែទទួល បានប្រាក់ខែតិច ឬមួយភារកិច្ចនិងទំនួលខុសត្រូវច្រើនលើសលុប។ ហើយគំនិតមួយផ្នែកទៀត គឺអារម្មណ៏វិជ្ជមានដែលអ្នកមានចំពោះការងារថ្មី ដូចជា ឱកាសថ្មី​ ការប្រកួតប្រជែងថ្មីជាដើម។  អ្វីទាំងអស់នេះ ជាអារម្មណ៏ ការរៀបចំផែនការ និងចក្ខុវិស័យនៅពេល អនាគតរបស់អ្នក។ អ្នកអាចសួរខ្លួនឯងថា តើអ្នកយល់ស្របជាមួយ និងរបៀបដឹកនាំរបស់អ្នកគ្រប់គ្រង របស់អ្នកដែររឺទេ? តើអ្នកនៅមានអ្វីជាច្រើនត្រូវរៀនពីការងារដែលកំពុងធើ្វដែររឺទេ? សំនួរទាំងនេះ ជាជំនួយដល់ការសម្រេចចិត្តរបស់អ្នកថាត្រូវទៅ ឬត្រូវនៅ។
អ្នកនឹងត្រូវចាប់ផ្តើមសារឡើងវិញ៖ អ្នកត្រូវចាំថា ទៅកន្លែងធ្វើការថ្មីអ្នកត្រូវចាប់ផ្តើមពីសូន្យ។ ហើយអ្នកត្រូវប្រើពេលយូរ ដើម្បីរៀនសម្របខ្លួនទៅជាមួយនឹងកន្លែងធ្វើការថ្មី ម៉ោងធ្វើការថ្មី ទំនួលខុសត្រូវថ្មី និងមនុស្សថ្មី។ អ្វីដែលខិតខំព្យាយាមកសាងពីកន្លែងធ្វើការចាស់មិនអាចផ្ទេរទៅ ក្រុមហ៊ុនថ្មីបានទេ។ អ្វីទាំងនេះ អាចធ្វើអោយអ្នកស្រ្តេសខ្លាំង ហើយអាចប៉ះពាលដល់សុខភាព របស់អ្នកទៀតផង។
កុំផ្លាស់ប្តូរ ដើម្បីគេចពីបញ្ហា៖ អ្នកកំណត់ផែនការអោយបានច្បាស់មុននឹងចាកចេញពីកន្លែងធ្វើការ។ កុំចាកចេញដោយគ្រាន់តែជួបបញ្ហារដែលអ្នកពិបាកដោះស្រាយក្នុងរយៈពេលខ្លី។ ប្រសិនបើអ្នកធ្វើបែបនេះ អ្នកនឹងបន្តធ្វើបែបនេះ រាល់ពេលអ្នកជួបបញ្ហាស្មុគស្មាញបន្តិចបន្តួច។ វាហាក់ដូចជាអ្នកព្យាយាមគេចពីបញ្ហា ជៀសជាងព្យាយាមរកដំណោះស្រាយ ។ លើសពីនេះ ពេលនិយោជក ពិនិត្យមើលCV របស់អ្នក គេប្រាកដជាគិតថាអ្នកជាមនុស្សដែលគ្មានទំនួលខុសត្រូវក្នុងការងារ។ គេយល់ឃើញថាអ្នកក៏អាចនឹងចាកចេញពីក្រុមហ៊ុនគេ គ្រប់ពេលវេលាដែរ។